ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស ក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ។
ការបង្ហាញក្តីរីករាយរបស់ភាគីកម្ពុជា-អង់គ្លេស ធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាលោកទូត ដូមីនីក វីលៀមស៍ នាថ្ងៃទី៩ សីហា នៅទីស្តីការក្រសួងការបរទេស ។

ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រ ជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេស សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស ។
ជាកិច្ចឆ្លើយតប លោក ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត។ ក្នុងឱកាសជំនួបនេះដែរ ភាគីទាំងពីរក៏បានចែករំលែក នូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ៕
