ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើ បាតុកម្មបង្កើតបដិវត្តន៍ពណ៌ របស់ក្រុមជ្រុលនិយមមួយក្ដាប់តូច។
ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ។
លោករដ្ឋមន្ត្រី បញ្ជាក់ជូន ពីការយកចិត្តទុកដាក់របស់សម្ដេចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការការពារបូរណភាពដែនដី ដោយមិនឱ្យមានការឈ្លានពានពីបរទេសឡើយ ។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល បានបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំចាញ់បោក តាមការឃោសនា ញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌ របស់ក្រុមជ្រុលនិយម អគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្រ រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា៕