ព័ត៌មានជាតិ

ក្រសួងធម្មការ សង្កេតឃើញថា រាល់ការប្រារព្ធពិធីនានា ពិតជាមានការកែលម្អ ក្រោយបើកវគ្គបណ្តុះបណ្តាល «ក្រមសីលធម៌អាចារ្យខ្មែរ»

ភ្នំពេញ ៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសង្កេតឃើញថា រាល់ការប្រារព្ធពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។

នាឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ដ្រី ចាយ បូរិន បានថ្លែងថា គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួច មកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី បានចូលមកសិក្សា ចំនួន១២ ៥១៧អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ព្រះអង្គ អាចារិនី ១៩០នាក់។

លោករដ្ឋមន្ដ្រី លេីកឡេីងបន្ថែមថា​ ចំនួនអាចារ្យដែលបានបណ្ដុះបណ្ដាលហើយ នេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គ បណ្តុះបណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីបានចូលមកសិក្សាមានចំនួន ១,១០៧នាក់។

លោករដ្ឋមន្ដ្រី រៀបរាប់ថា ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ទី១-ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់ គ្រូឧទ្ទេសាចារ្យ។ ទី២-ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។ ទី៣ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និងការផ្លាស់ប្តូរមតិយោបល់គ្នា។ ទី៤-បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមានលក្ខណៈផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។ ទី៥-យល់ដឹង និងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។ ទី៦-អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។ ទី៧-ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។

លោករដ្ឋមន្ដ្រី ចាយ បូរិន បានគូសបញ្ជាក់ថា «ជារួមក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន»៕

To Top