ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធានាជាមួយក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេច គឺមិនឲ្យកើតមានចលនាជ្រុលនិយមជាដាច់ខាត ។
ការធានារបស់លោក កើត ឆែ ខាងលើនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាអនុវត្តការងារល្អ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាពេលកន្លងមក និងជំរុញឲ្យបន្តការងារកាន់តែល្អ ពិសេសទប់ស្កាត់ចំពោះចលនាពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ខាងមុខ ។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានី ក៏បានស្នើឲ្យរដ្ឋបាលរាជធានី បង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗ។
ជាមួយគ្នានេះលោក ម៉ប់ សារិន បានណែនាំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវយល់ឲ្យបានច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួន ខណៈក្រុមប្រឹក្សារាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីនិងភារកិច្ចរបស់ខ្លួនខុសគ្នាដាច់ ។ ក្រុមប្រឹក្សារាជធានីភ្នំពេញ គ្មានការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ឬបញ្ជាកងកម្លាំងអ្វីឡើយ។ ក្រុមប្រឹក្សាមានសិទ្ធិអំណាច ត្រឹមតែលើកឡើងជាសំណើរ ទៅរដ្ឋបាលរាជធានីភ្នំពេញ ពីចំណុចខ្វះខាត ដើម្បីឲ្យរដ្ឋបាលរាជធានី ឬរដ្ឋបាលខណ្ឌ កែលម្អរនិងអនុវត្តតាមតែប៉ុណ្ណោះ។ តែសម្រប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ភារកិច្ចច្រើន ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព និងបំពេញការងាររដ្ឋបាលជាច្រើនទៀត។
លោក កើត ឆែ បានឆ្លើយតបថា ការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីបានធ្វើឡើងជាប្រចាំ និងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។
លោកអភិបាលរងបញ្ជាក់ថា “ចំពោះក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខ នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេច គឺមិនឲ្យកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ” ។
ចំពោះការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ លោក កើត ឆែ បានលើកឡើងថា “យើងនឹងបន្តបម្រើប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដើមឈើ រលំប៉ាណូនិងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម”៕