ព័ត៌មានជាតិ

សម្តេចធិបតី ហួសចិត្ត ចំពោះមេដឹកនាំបាតុកម្ម នៅជប៉ុន ហ៊ានវ៉ៃបំបែកឆ្នាំងបាយ ពលរដ្ឋខ្មែរចោល ដើម្បីមហិច្ឆតារបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការហួសចិត្តជាខ្លាំង ក្រោយស្តាប់លឺសម្តី របស់ឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្ម នៅប្រទេសជប៉ុន ដែលមិនខ្លាច នឹងយកឆ្នាំងបាយ របស់ពលរដ្ឋខ្មែរ រាប់លាននាក់ នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាន នូវមហិច្ឆតានយោបាយរបស់ខ្លួន ។

ការខកចិត្តរបស់សម្តេចធិបតី បែបនេះ ក្រោយបុគ្គលឈ្មោះ ហៃ វណ្ណា បានញុះញង់ ឱ្យពលរដ្ឋខ្មែរក្នុងប្រទេស បន្តធ្វេីសកម្មភាព បាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល ធ្វេីយ៉ាងណា ឱ្យសេដ្ឋកិច្ចខ្មែរធ្លាក់ចុះ ដេីម្បីខ្លួននិងបក្ខពួក សម្រេចផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កេីតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ។

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលេីកឡេីងថា “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតា នយោបាយ របស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល”។

សម្តេចធិបតី បន្តថា “ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវ អោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណា ដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ”។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ហៃ វណ្ណា និយាយនេះ ប្រហែលជាសំដៅ ទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់ នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅ របស់ប្រជាជនខ្មែររាប់ លាននាក់ ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាឬទេ?” ៕

To Top