កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានស្នើអាជ្ញាធរ កាប់ដើមឈើមានឈ្មោះឈើឌីបដែលមានទំហំធំគួរសម នៅលើដងផ្លូវជាតិលេខ៤១ ត្រង់ចន្លោះចំណុចគីឡូម៉ែត្រលេខ៥ ខាងត្បូងស្ពានគុណគ្រូ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមអ្នកភូមិបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ដើមឌីបខាងលើនេះ មានអាយុកាលជាច្រើនឆ្នាំមកហើយ ដោយជ្រុះស្លឹកស្ទើរអស់ដែលអាចបណ្តាលបាក់មែកឬរលំដើម ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាយថាហេតុ ដូច្នេះហើយទើបពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងជំនាញផ្ទាល់មកពិនិត្យកាត់ចោលជៀសវាងបង្កគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវ ។
ក្រុមអ្នកភូមិបានបន្តថា បើសិនអាជ្ញាធរមិនមានសម្ភារៈកាត់រំលំទេគ្រាន់តែអនុញ្ញាតឲ្យពួកគាត់កាត់ខ្លួនឯងក៏បាន ពីព្រោះដើមឈើនេះមានអាយុវែងមកហើយដើម មែក មានសភាពពុកផុយដោយអន្លើ ទើបពួកគាត់មិនចង់ទុកវាបន្តទៅមុខទៀតឡើយ ខ្លាចបាក់សង្កត់មកអ្នកដើរឆ្លងកាត់រាល់ថ្ងៃ ពីព្រោះកន្លងនៅតំបន់ខ្លះក៏មានបាក់ដើមលើរថយន្ត លើមនុស្សតាមដងផ្លូវគឺគ្មាននណាទទួលខុសត្រូវឡើយ តែបើពលរដ្ឋចង់កាប់ទាល់តែមានការស្នើសុំពីអាជ្ញាធរ ដូច្នេះសុំឲ្យជំនាញចុះមកពិនិត្យកាប់ចេញពីចិញ្ចើមផ្លូវផងដែរ ៕