ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ត្រៀមកម្លាំងល្បាតនិងទប់ស្កាត់ ក្រុមចលនាជ្រុលនិយម​ គ្រោងធ្វើបាតុកម្ម ​ចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចស្រេច ដើម្បីទប់ស្កាត់ ក្រុមចលនាជ្រុលនិយម ដែលគ្រោងធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃ១៨សីហាខាងមុខនេះ ដោយបានបែងចែកជាក្រុមការងារតាមដានល្បាត និងអន្តរាគមន៍ ដោះស្រាយសភាពការណ៍ ។

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឲ្យកើតមានចលនាជ្រុលនិយម កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងភូមិសាស្ត្រ ខណ្ឌទាំង១៤ រួមមាន៖ ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន២ក្រុម ។

ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ។

ក្រុមទី២៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ។

ក្រុមទាំង២នេះ មានភារកិច្ច ប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ជួបជុំគ្នា នៅមុខកីឡដ្ឋានជាតិមរតតេជោ (មហាវិថីឈ្នះឈ្នះ) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការល្បាត នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមដងផ្លូវនានា ដោយកាត់តាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏ដូចជាភូមិសាស្ត្រស្មុគស្មាញ និងតាមបណ្តាសំណង់មិនរៀបរយនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន២ដង ក្នុង១ថ្ងៃគឺពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី តទៅ និងពេលយប់ ចាប់ពីម៉ោង ១៩:០០នាទីតទៅ។

ដោយឡែក ក្នុងករណីមានការសង្ស័យ អំពីមានការ ប្រមូលផ្តុំ ឬតវ៉ា នៅត្រង់ចំណុចទីតាំង ឬដងផ្លូវណាមួយត្រូវចាត់វិធានការឃាត់ខ្លួន និងរាយការណ៍ជូនមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំអនុវត្តបន្ត។

សម្រាប់ ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ ដែលមានសមាសភាពចូលរួម ៖ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ ។ កងរាជអាវុធហត្ថខណ្ឌទាំង១៤ ដឹកនាំដោយលោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ ដឹកនាំដោយលោកប្រធាន ប្រជាការពារខណ្ឌ ៕

To Top