ព័ត៌មានជាតិ

ទំនាក់ទំនងកម្ពុជា-ថៃ នឹងបន្តពង្រឹងបន្ថែមទៀត​បន្ទាប់​ពី​កូនស្រីពៅលោក ថាក់ ស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវជំនឿថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងបន្តពង្រឹងបន្ថែមទៀតលើគ្រប់វិស័យ ក្រោយលោកស្រី Paetongtarn Shinawatra ដែលត្រូវជាកូនស្រីពៅរបស់លោក ថាក់ ស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។

តាមរយៈសារលិខិតអបអរសាទរ ផ្ញើជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានសភាថៃ ជ្រើសរើសជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពជោគជ័យ របស់ លោកស្រី Paetongtarn Shinawatra ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់ លោកស្រី ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់លោកស្រី។

សម្ដេចបន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នានិងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរនិងតំបន់ ជាពិសេសសហគមន៍ អាស៊ានរបស់យើង។

សម្ដេចគួសបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែល ជាផលប្រយោជន៍រួម ហើយសម្ដេចជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី នឹងបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅ មកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

សម្ដេចបន្ថែមថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី Paetongtarn Shinawatra និងសភានៃព្រះរាជាណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងសភា នៃប្រទេសយើងទាំងពីរ៕

To Top