ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ ធនធានទឹក សម្រាប់ពហុវិស័យ ក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) នៃប្រព័ន្ធទំនប់អាងទឹកអូរតេ និងទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រ ក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ទំនប់អាងទឹកដ៏ធំទាំងពីរនេះ គឺជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយបណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងទាក់ទាញ កំណើនក្នុងវិស័យ អេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្ត ភូមិភាគឦសាន បង្កើននូវផលិតកម្ម ក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាននូវបរិស្ថានបៃតង គ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងនេះក៏នឹង ជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើង ដោយជំនន់ គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ មោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិ្យវឌ្ឍនភាពការងារនៅតាមទំនប់អាងទឹកដូចជា៖ ទី១)ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូរាំង មានទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រ ទី២)អាងទឹកទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងទី៣) អាងទឹកទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោង អភិវឌ្ឍន៍ពហុវិស័យ កសាងប្រព័ន្ធទំនប់អាងទឹកអូរតេ និងអាងទឹកទំនប់លើទំនប់ក្រោម ដែលអាចស្តុកទឹក សម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាត បានចំនួនប្រមាណ ១២លានម៉ែត្រគូប និងជាប្រភពទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូល សេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានប្រទេសកម្ពុជា ក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ៕













