ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ខេត្តសៀមរាប ប្រជុំពិភាក្សាលេីការស្នេីសុំ កំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ ខេត្តសៀមរាប ។
លោកអនុប្រធាន បានជម្រាបជូនអង្គប្រជុំពីសារៈសំខាន់ នៃបឹងទន្លេសាប ពីប្រភពធនធានទឹក នៃបឹងទន្លេសាប តម្រូវការក្នុងការប្រើប្រាស់ទឹក លើគ្រប់វិស័យនៅក្នុងបឹងទន្លេសាប និងតាមបណ្តាដៃអាងស្ទឹង នៅជុំវិញបឹងទន្លេសាប ជាពិសេសតម្រូវការលើផ្នែកកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងលើកអំពីបញ្ហាប្រឈមនានា មកលើបឹងទន្លេសាប ក្នុងពេលបច្ចុប្បន្ន រួមទាំងកត្តា ប្រែប្រួលអាកាសធាតុផងដែរ ។
លោកក៏បានគូសបញ្ជាក់ អំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ដោយឯកឧត្តម បានសំណូមពរឱ្យអង្គប្រជុំមានការពិភាក្សាយកមតិយោបល់ល្អៗ និងដំណោះស្រាយរួមគ្នា ។
លោកអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានលើកឡើងអំពីទិសដៅឈាន ទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាជន និង តម្រូវការទឹកស្អាតប្រចាំថ្ងៃ ជាមួយនឹងប្រភពទឹក សម្រាប់យកមកផ្គត់ផ្គង់នៅក្នុងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា កន្លងមកការ ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប គឺបានមកពីប្រភពទឹកក្រោមដី និងបារាយណ៍ ហើយក៏មិនមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ផងដែរ ។ ដោយផ្អែកលើការសិក្សា មានតែប្រភពទឹកពីបឹងទន្លេសាប តែមួយគត់ ដែលអាចធានាបាននូវនិរន្តរភាពយូរអង្វែង និងមិនបង្កឱ្យមានផលប៉ះពាល់ ដល់បេតិកភណ្ឌអង្គរ ។ បច្ចុប្បន្នគុណភាពទឹក គឺមានបញ្ហាច្រើន ដែលទាមទារឱ្យមានការការពារលើប្រភពទឹកនៅទីតាំងបូម ពីស្ថានីយបឹងទន្លេសាប ដែលតម្រូវឱ្យ មានការកំណត់ទំហំជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ដើម្បីធានាបាននូវការ ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ មាននិរន្តរភាព ។
អង្គប្រជុំបានសម្រេច ផ្តល់លទ្ធភាពជូនរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តសៀមរាប ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ចុះសិក្សាលម្អិតលើទីតាំង ការសុំកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ នៃខេត្តសៀមរាប រួចធ្វើរបាយការណ៍មកអាជ្ញាធរទន្លេសាប ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យមើល និងសម្រេចម្តងទៀត នៅពេលខាងមុខ ៕