ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ លោក ស សុខា មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា លោក ស សុខា មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ ប៉ុន្ដែលោក ប្រកាន់វប្បធម៌រួមចំណែកធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន។

ការលើកឡើងរបស់ អ្នកនាំពាក្យ បែបនេះបន្ទាប់ពី ក្នុងរយៈពេលចុងក្រោយនេះ នៅតែមានមនុស្សមួយក្រុមតូច បន្តព្យាយាមផ្សព្វផ្សាយព័ត៌មាន មិនពិត ទាំងខ្លឹមសារសំណេរ រូបភាព វីដេអូ និងការអត្ថាធិប្បាយគ្មានសច្ចធម៌ផ្សេងៗ ដោយប្រៀបធៀប លោក ស សុខា ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងចេតនាញុះញង់ និងបំភ័ន្តឱ្យសាធារណមតិមានការយល់ច្រឡំ ចំពោះគោលជំហរដ៏ម៉ឺងម៉ាត់របស់លោក និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។

ចេតនាទុច្ចរិតនេះ គឺជាក្រឡានយោបាយចាស់គំរឹល ដែលក្រុមប្រឆាំងអស់ក្បួន តែងយកមក ប្រើប្រាស់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ម្តងហើយម្តងទៀត ទោះបីជាទីបំផុតគ្មាន បានផលអ្វី ក្រៅតែពីធ្វើឱ្យគណបក្សចាស់វស្សាមួយនេះកាន់តែមានភាពធន់ និងកាន់តែមានសាមគ្គីភាព ផ្ទៃក្នុងល្អឡើងៗ។

យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៨ សីហា អ្នកនាំពាក្យ បានឆ្លើយតបថា លោក ស សុខា មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ ប៉ុន្តែ លោក តែងតែប្រកាន់វប្បធម៌រួមចំណែក រួមរែកពន់ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវ បុព្វហេតុមួយដ៏ច្បាស់លាស់ គឺធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងផ្តល់ភាពកក់ក្តៅជូនប្រជាជន ជាទី ស្រលាញ់ស្មើជីវិត។

ក្នុងក្របខណ្ឌគណបក្ស លោក គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាត គណបក្ស គោរពគោលការណ៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចគ្នានេះ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោក គោរពដោយម៉ឺងម៉ាត់បំផុតនូវឋានានុក្រមការងារ ជាពិសេសការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យដ៏ជឿនលឿន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឈរលើស្មារតីឥតងាករេនេះ លោក ស សុខា អំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងសាធារណជនទាំងក្នុង និងក្រៅ ប្រទេស សូមកុំចាញ់ល្បិចកលញុះញង់របស់ក្រុមជ្រុលនិយម ជាពិសេសក្រុមអ្នកនយោបាយប្រឆាំង អស់ក្បួនមួយចំនួនតូច ដែលតែងតែប្រើគ្រប់វិធីសាស្ត្រស្មោគគ្រោក ដើម្បីសម្រេចមហិច្ឆតាដណ្តើម អំណាច ដោយមិនគិតពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនា រាប់មិនអស់ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន ព្រោះតែល្បែងនយោបាយលាបពណ៌ ញុះញង់ និង បំបែកបំបាក់៕

To Top