ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៨សីហា ដែលជាថ្ងៃដែលក្រុមអគតិនិងពួកជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ប៉ុន្តែ ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋចេញរកស៊ីទទួលទានជាធម្មតា។
ដោយឡែកពលរដ្ឋខ្មែរជាប់សែស្រឡាយចិនវិញ បានរួតរះក្រោកពីព្រឹកទិញរបស់របរដើម្បីធ្វើពិធីសែនក្បាលទឹក
តាមប្រពៃណី ចិនរៀងៗខ្លួន ដោយមិនមានការជួបជុំ ឬបង្កចលាចលណាមួយ ធ្វើឱ្យអសន្តិសុខក្នុង សង្គមឡើយ។


ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតបានកើតឡើង ដោយសារអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ទប់ស្កាត់ក្រុមជនអគតិមួយចំនួន ដែលមានបំណងធ្វើបាតុកម្ម ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។



យោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់នាព្រឹកថ្ងៃទី១៨ សីហានេះថា ស្ថានភាពទូទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤នេះ មានសភាពជាធម្មតាគ្មានការរំជើបរំជួល ដូចពួកជ្រុលនិយម ដែលមានបំណងធ្វើបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឃន៏កម្ពុជា ឡាវ វៀតណាម (CLV.DTA) នោះទេ។


អ្នកនាំពាក្យរូបនោះបន្តថា សកម្មភាពប្រកបអាជីវកម្ម , ការធ្វើសកម្មភាពជាប្រក្រតី ក្នុងការរកស៊ីលក់ដូរមិនមានការប្រែប្រួលឬស្ថានភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ។ ដោយនៅតាមដងផ្លូវនិងដងវិថីនានា ក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់។


ក្នុងនោះដែរភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅតែដើរទស្សនាកំសាន្តតាមរមណីដ្ឋាននានា ក្នុងរាជធានីភ្នំពេញដូចជា៖រមណីដ្ឋានវត្តភ្នំ,ព្រះបរមរាជវាំង,វិមានឯក រាជ្យ,សារមន្ទីរជាតិជាដើមពុំមានអ្វីប្រែប្រួល និងពុំមានការចាប់អារម្មណ៏រឿងបាតុកម្មរបស់ក្រុមជ្រុលនិយមនោះឡើយ។




សូមរំលឹកថា នៅមុនថ្ងៃទី១៨ ខែសីហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការនានា ជាមួយកម្លាំងចម្រុះទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសជាង ១៧លាននាក់ អោយបានល្អ៕
