ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
នាឱកាសនេះ លោក ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍដោយសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍យ៉ាងលឿន។



លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើបទបង្ហាញ ពីការយកចិត្តទុកដាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាម (CLV. DTA) ។


ជាមួយគ្នានេះ លោក ឃួង ស្រេង បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីជំនាញ ក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ពន្ធ័ មានប្រពន្ធ័លូ, ការកសាងផ្លូវថ្នលជាដើម។



ក្នុងនោះដែរ លោកសន្តិបណ្ឌិតម៉ៅ ចន្ទ័តារា បានយល់ស្របនិងគាំទ្រពេញទំហឹង ពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ជាង ២លាននាក់ មានជីវភាពកាន់តែល្អប្រសើរ ក្នុងសន្តិភាព និងឈានទៅសម្រេចបាន ជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។




លោករដ្ឋលេខាធិការប្រចាំការ ក៏បានក្រើនរំលឹក ក្នុងការពង្រឹងយន្តការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព, ការទប់ស្កាត់ក្មេងទំនើង, បញ្ហាគ្រឿងញៀន, ការគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់យកវិធានការអប់រំ ជា ជាងការរង់ចាំតែការផាកពិន័យ និងឱ្យបន្តយកចិត្តទុកដាក់ តាមដានចំពោះក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិ តាមការញ៉ុះញ៉ុងរបស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្ម មិនបានសម្រេច កាលពីថ្ងៃទី១៨ សីហា ក្តីតែពួកគេនៅតែចិញ្ចឹមចិត្ត បំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕
