ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត ៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោក ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ពោលគឺរយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងមានចំនួន ៨៧២៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាកំណើនមួយយ៉ាងធំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបានបង្ហាញថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ជាមួយនឹងទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។
លោក បញ្ជាក់ដូច្នេះថា៖ «ការកើនឡើងនៃតួលេខទំហំពាណិជ្ជកម្មនេះ គឺអាស្រ័យដោយឱកាសកំណែទម្រង់ស៊ីជម្រៅរបស់លោកប្រធានស៊ីជីងភីង បានដាក់ចេញ ហើយនឹងនយោបាយផ្ញើភ្ជាប់វប្បធម៌ និងវប្បធម៌ ប្រជាជននិងប្រជាជន និងការអនុញ្ញាតប្រទេសក្នុងតំបន់ដែលជាប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាក្តី អាចទទួលនូវឱកាសទីផ្សារ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទេសរបស់ខ្លួន ក៏អាចនឹងមានឱកាសទទួលអ្នកវិនិយោគទុនចិនផងដែរ។»
លោកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្តថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយខេត្តគ័ងស៊ីប្រទេសចិនដើម្បីកសាងសួនឧស្សាហកម្មកម្ពុជាចិន ដែលនេះកើតចេញពីការផ្តួចផ្តើមកំណែទម្រង់ស៊ីជម្រៅរបស់ប្រធានាធិបតីចិន។ ហើយក៏នឹងបើកឱកាសឱ្យអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ហើយអ្នកវិនិយោគកម្ពុជាអាចទៅរៀនបច្ចេកវិទ្យា មានឱកាសវិនិយោគធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការច្បាស់លាស់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យចាកផុតពីប្រទេសអភិវឌ្ឍយឺតទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
លោក បន្តថា កាលដែលកម្ពុជានឹងសម្រេចជោគជ័យតាមផែនការនេះបាន ទាមទារឱ្យកម្ពុជាត្រូវក្រឡេកមើលទីផ្សារចិន ព្រោះចិនជាទីផ្សារធំ មានប្រជាជន និងកម្លាំងទិញច្រើន។
លោក បានសង្កត់ធ្ងន់ថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ធ្វើឱ្យកម្ពុជាទទួលបានការបើកទូលាយទីផ្សារតាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀង RCEP ដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើនអាចយកទៅលក់នៅលើទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្តល់លទ្ធភាព ឱ្យកម្ពុជានូវបរិមាណកូតាមួយចំនួនក្នុងការនាំចេញអង្ករ ដោយបច្ចុប្បន្ននេះឈានដល់កម្រិតប្រមាណ ៥០ម៉ឺនតោន ហើយក្នុងមួយឆ្នាំ។
ក្នុងខែកក្កដាឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ២៥ពាន់ កន្លែងជូនប្រជាជនកម្ពុជា។ ក្នុងនោះការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្ដប់ ១៤,២៤% នៃទុនវិនិយោគសរុប។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់មានបានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទេសចិន ជាពិសេសលើ វិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្ដង៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន