ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ទិវាអន្តរសាសនាប្រឆាំង អំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលបំណងសំខាន់ៗ នៃការប្រារព្ធទិវាជាតិអន្តរសាសនា ដើម្បីបញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ទាំងនៅកម្ពុជា កម្រិតតំបន់ និងកម្រិតអន្តរជាតិ។

ក្នុងនោះក៏បង្ហាញពីសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនា នានានៅកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសុខសន្តិភាព ចូលរួមអនុវត្តសកម្មភាព ដើម្បីសម្រេចគោល បំណងរួម គឺបង្ការទប់ស្កាត់សំដៅ លុបបំបាត់អំពើជួញដូរមនុស្ស គ្រប់ទម្រង់ព្រមទាំងបង្ហាញពីតួនាទីសំខាន់របស់សាសនា និងជំហរក្នុងការបន្តចូលរួម ពីសំណាក់មេដឹកនាំ និងសាសនិកពីគ្រប់ និកាយសាសនា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕







