ភ្នំពេញ៖ កសិករខ្មែរមួយរូប នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការសាកល្បងដោយ ជោគជ័យលើការដាំពូជខ្ញីពីប្រទេសចិន សម្រាប់នាំចេញទៅលក់ នៅលើទីផ្សារអាមេរិក។

លោក ហ៊ុល សុធា ម្ចាស់ចម្ការខ្ញី ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង បានថ្លែងប្រាប់អ្នកព័ត៌មាន ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ ថានេះជាការសាកល្បងលើកដំបូង ដោយមានការជួយគាំទ្រពី អ្នកជំនាញមកពីប្រទេសចិន ដោយរំពឹងថា ក្នុងមួយហិកតា អាចប្រមូលផលបានពីចន្លោះ៧៥តោន រហូតជាង១២០តោន ខណៈតម្លៃលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលបច្ចុប្បន្នខ្ទង់ចន្លោះពី២.៥០០រៀល ទៅ៧.០០០រៀល ក្នុងមួយគីឡូក្រាម។ «ពូជខ្ញីដែលដាំនេះ មានរសជាតិហឹរ ស្រាលជាងពូជខ្ញីដែលដាំ នៅក្នុងប្រទេសកម្ពុជាយើង»។

លោកបន្តថា ការដាំលើកដំបូងនេះ ធ្វើឡើងលើផ្ទៃដីចំនួន ១៣ហិកតា ដោយក្នុងមួយហិកតា អាចដាំបានចំនួន៧ម៉ឺន៥ពាន់គុម្ព ហើយបើការដាំដុះ ការថែទាំបានល្អ អាចប្រមូលផលក្នុងរយៈពេលពី៦ខែទៅ៨ខែ ដោយក្នុងមួយគុម្ពអាចផ្តល់ទិន្នផលត្រឡប់មកវិញចំនួន ១,៥០គីឡូក្រាម ដោយសារភាពអំណោយផល ទាំងលក្ខណៈអាកាសធាតុ និងដីនៅទីនោះ។

ម្ចាស់ចម្ការរូបនេះ បន្តថា កិច្ចព្រមព្រៀងសម្រាប់នាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បានធ្វើរួចរាល់ហើយ ដោយនៅរង់ចាំតែការប្រមូលផលប៉ុណ្ណោះ។ ទន្ទឹមនឹងការដាំសម្រាប់នាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេសនេះ ក៏នៅមានមួយចំណែកទៀត សម្រាប់លក់លើទីផ្សារក្នុងស្រុកផងដែរ គ្រាដែលលោកនៅមានដីចំនួន ៥ហិកតាទៀត សម្រាប់ធ្វើឃ្លាំងទុកដាក់កសិផលដែលប្រមូលរួច មុននាំចេញលក់លើទីផ្សារ។

ទាក់ទងនឹងការចំណាយដើមទុន ដាំពូជខ្ញីពីប្រទេសចិននេះ លោក ហ៊ុល សុធា បានឱ្យដឹងថា ក្នុងមួយហិកតា ប្រើដើមទុនអស់ប្រមាណ២ម៉ឺន៨ពាន់ដុល្លារ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រ និងលើកទឹកចិត្តចំពោះការដាំដំណាំ កសិកម្មមួយប្រភេទនេះនៅលើទឹកដីស្រុកវាលវែង បន្ថែមលើដំណាំកសិឧស្សកម្មផ្សេងទៀតដូចជា ទុរេន ប៊ើរ ម្រេច ជាដើម ខណៈក្នុងទូទាំងខេត្តពោធិ៍សាត់សម្បូរ ទៅដោយសក្តានុពលសម្រាប់ នាំមកនូវចំណូលសេដ្ឋកិច្ចជាតិ និងចំណូលសម្រាប់សហគមន៍ ដូចជាគម្រោងទំនប់វារីអគ្គិសនី តំបន់ទេសចរណ៍ធម្មជាតិ និងផ្នែកផ្សេងៗទៀត។ ខ្ញីដែលមានឈ្មោះបច្ចេកជាភាសាអង់គ្លេស «Ginger» ជាប្រទាល ឬ រុក្ខជាតិផ្កា កើតចេញមើមឫសរបស់វា ហើយដុះលូតចេញជាស្លឹក និងផ្កា ត្រូវបានគេប្រើប្រាស់យ៉ាង ទូលំទូលាយជាគ្រឿងទេស និងជាឱសថបុរាណ៕
