ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ គ្មានការឡោមព័ទ្ធផ្ទះរបស់លោក និងផ្ទះ សម្ដេច ស ខេង ឡើយ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតបថា គ្មានការឡោមព័ទ្ធផ្ទះរបស់លោក និងផ្ទះសម្ដេចក្រឡាហោម ស ខេង ដូចការផ្សាយរបស់ក្រុមប្រឆាំងឡើយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺបន្ទាប់ពីលោកបានឃើញការលើកឡើង នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ មានឈ្មោះថា Samdach Seng Rathana 007 ដែលគេស្គាល់ថា គឺជាបុគ្គលប្រឆាំងនៅក្រៅប្រទេស បានសរសេរថា «លោក ស ខេង និងលោក ស សុខា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV»។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាជាតិបាត់ដំបង នៅខេត្តបាត់ដំបង នៅថ្ងៃទី២១ សីហា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា បើមានការព័ទ្ធផ្ទះរបស់លោកពិតមែននោះ ប្រហែលជាមិនមានវត្តមានលោក ជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅខេត្តបាត់ដំបងនេះឡើយ ។

លោកឧបនាយករដ្ឋមន្ដ្រី ឆ្លើយតបវិញថា «បើព័ទ្ធមែន ខ្ញុំ គ្មានឱកាសឈរនៅហ្នឹង បើគេព័ទ្ធជាប់ហើយ ។ នេះជាទង្វើទុច្ចរិត និងជាទង្វើស្មោកគ្រោក ក្នុងការឲ្យគណ បក្សមួយ ក្រុមគ្រួសារមួយជល់គ្នានេះ យើងគួរឈប់ទៅ យើងរួមគ្នាកសាងប្រទេស»។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា អ្វីដែលក្រុមប្រឆាំងលើកឡើងនោះ គឺជាការមិនពិតឡើយ។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីភាព នឿយហត់នឹងការឆ្លើយតបដដែលៗជាមួយក្រុមប្រឆាំងទាំងនោះ៕

To Top