ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី២១ សីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងាររយៈ១២ខែ ចាប់ពីខែចុងខែសីហា ឆ្នាំ២០២៣ ដល់ចុងខែសីហា ឆ្នាំ២០២៤ របស់ក្រសួងដើម្បីពិនិត្យអំពីវឌ្ឍនភាព និងវាយតម្លៃសូចនាករសម្រេចបាន។

កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ដោយឡែកទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) ។

ក្នុងឱកាសនោះ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការ ងារដែលសម្រេចបានរយៈ១២ខែ តាមកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ បន្ទាប់មកលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពីការវិភាគ និងវាយតម្លៃលើសូចនាករសមិទ្ធកម្មក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់លោក ផេង សំបូរ បានបង្ហាញឲ្យឃើញនៅក្នុងនីតិកាលទី៦ ក្រសួងអភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន ៤ អនុកម្មវិធី២១ និងចង្កោមសកម្មភាពចំនួន ១៧៧ ដោយឡែកនៅក្នុងនីតីកាលទី៧ នេះ ដើម្បីស្របទៅនឹងយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន ៥ ដោយមានអនុកម្មវិធីចំនួន ៣១ និងចង្កោមសកម្មភាពចំនួន ២៣៤។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោករដ្ឋមន្ត្រី បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុកាពរ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ នៃអង្គពិធីទាំងមូល។

លោករដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចក្នុងរយៈពេលកន្លងមក ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកឲ្យសម្រេច នូវយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដោយផ្អែកលើបាវចនាចំនួន៥ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់, បង្កើតការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយ៉ាងសកម្ម ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕




