ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធា សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានប្ដេជ្ញារួមគ្នាពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ វិស័យយោធា ដើម្បីធានាសន្តិភាព និងសន្ដិសុខជាតិ ។
ក្នុងឱកាសចូលជួបជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន នាថ្ងៃទី២១ សីហា លោកវរនាវីឯក Vitaly LUCHSHEV បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យ។
លោកវរនាវីឯក VITALY LUCHSHEV បានបញ្ជាក់ថា «បច្ចុប្បន្នទោះបីរុស្ស៊ីប្រឈមនឹងសង្គ្រាមទប់ទល់ ជាមួយបណ្តាប្រទេសលោកខាងលិច តាមរយៈការប្រើប្រាស់កម្លាំងអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីនៅតែត្រៀមខ្លួនបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលជាមិត្តយូរអង្វែង ដើម្បីការពារសន្តិភាព និងសន្តិសុខជាតិ» ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-រុស្ស៊ី នៅក្នុងរយៈពេល៦៨ឆ្នាំមកនេះ និងបានថ្លែងអំណរគុណដល់រុស្ស៊ីដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងកម្ពុជា លើគ្រប់វិស័យក្នុងកាលៈទេសៈលំបាក បន្ទាប់ពីកម្ពុជារំដោះរួចចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរដល់អនុព័ន្ធយោធារុស្ស៊ី ដែលបានខិតខំបំពេញបេសកកម្មការងារ និងទទួលសមិទ្ធផលយ៉ាងច្រើន នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ ហើយលោកសង្ឃឹមថា អនុព័ន្ធយោធារុស្ស៊ីថ្មី នឹងបន្តបេសកកម្មនេះឲ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់រុស្ស៊ី ឲ្យបន្តជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ច នៃបណ្តាប្រភេទទ័ព និងការជួយកសាងសាលានាយទាហានរថក្រោះ ដើម្បីកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាល ដោយខ្លួនឯងនៅនឹងកន្លែង។
ជាមួយនេះនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានស្នើដល់រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បន្ថែមលើសនេះគឺកិច្ចការមនុស្សធម៌ កិច្ចការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការចូលចតនាវា និងកិច្ចសហប្រតិបត្តិការបណ្ដាប្រភេទទ័ព៕