ព័ត៌មានជាតិ

ក្រសួងការងារ ទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣ពាន់នាក់ក្នុងពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព ឆ្នាំ២០២៤

ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីកន្លងទៅ ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួន ៣ ៤២៤នាក់ (ស្រី ១៨៧៤នាក់)។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុនចូលរួមសរុប ចំនួន២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាសដែលចូលរួមទទួលបាន CV ចំនួន៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួន សរុប ១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។

លោករដ្ឋលេខាធិការបន្តថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារនៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣ សាខា។ ជាក់ស្តែងការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារនៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី២។ NEA ក៏គ្រោងនឹងបង្កើតបន្ថែមនៅផ្សារទំនើបផ្សេងៗទៀតដូចជា ផ្សារជីបម៉ុង និង K-Mall ជាដើម។ ជាមួយនេះដែរ ក្រសួងក៏បានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំជា Career Corner(ការិយាយល័យអាជីព និងការងារ) នៅសាខា ស.ស.យ.ក. ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ នាពេលបច្ចុប្បន្ននេះ លែងសូវបារម្ភរឿងរកការងារទៀតហើយ ដោយសារយើងមាន NEA ដែលកំពុងបម្រើសេវាយ៉ាងសកម្ម ដើម្បីជួយដល់យុវជនក្នុងការស្វែងរកការងារកាន់តែឆាប់រហ័ស និងងាយស្រួលតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបធំៗនេះ។ លើសពីនេះ យុវជន និងសាធារណជន ក៏អាចចុះឈ្មោះស្វែងរកការងារតាមប្រព័ន្ធឌីជីថលផងដែរដោយចូលទៅកាន់វេបសាយ www.nea.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃដែលអាចដោនឡូតតាម App Store និង Google Play Store ដែលមានឈ្មោះថា NEA Job Search បានដោយងាយស្រួលផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ 016 786655 ឬ តេលេក្រាម ឬ Coolapp លេខ 077 232378 ៕

To Top