ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរ នៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្ត ចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរ គ្រប់លំដាក់ថ្នាក់ ពេញមួយឆ្នាំ នៃអាណត្តិទី៧នេះ ។ ជាការសប្បាយរីករាយ ក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករ ដោយផ្ទាល់ ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹង ពីសុខទុក្ខពិតប្រាកដ របស់កម្មករតាមរយៈជំនួបសំណេះសំណាល ដោយផ្ទាល់ និងការចុះតាមរោងចក្រ។
កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិត ចាប់តាំងពីដើមរហូតមក ។
អ្នកស្រីនិយាយថា ៖ «ពួកខ្ញុំជាកម្មករបានទទួលអត្ថប្រយោជន៍ ជាច្រើនពីរាជរដ្ឋាភិបាល ទាំងការថែទាំសុខភាព ស្រ្តីមានផ្ទៃពោះ និងអ្នកមាន ជំងឺផ្សេងៗទៀត ។ លើសពីនេះ ពួកខ្ញុំរំភើបរីករាយ នៅពេលដែលទទួលដំណឹងថា ការចរចាប្រាក់ខែកម្មករ និយោជិត សម្រាប់ឆ្នាំ២០២៥ កំពុងដំណើរការយ៉ាងល្អ» ។
បន្ថែមពីនេះ លោក ផាស សនស៊ីណែត ជាកម្មកររោងចក្រខ្វាន់ទុម បាននិយាយថា ការគិតគូរសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពកម្មករ និយោជិតកាន់តែមានភាពល្អប្រសើរ និងអាចដោះស្រាយបញ្ហាជីវភាព ក្នុងគ្រួសារបានទាន់ពេលវេលា ជាពិសេស កម្មវិធីប្រាក់សោធននិវត្តន៍។
លោកនិយាយថា៖«នៅពេលខ្ញុំ ទៅពិនិត្យសុខភាព និងព្យាបាលជំងឺ គឺមិនសូវមានការលំបាកច្រើនទេ ដោយសារខ្ញុំមានប័ណ្ណ ប.ស.ស ដែលអាចជួយសម្រួលដល់ ការចំណាយរបស់ខ្ញុំច្រើនណាស់។ អ្វីដែលខ្ញុំសប្បាយចិត្តមួយទៀត គឺយើងជាកម្មករក៏ទទួលបាន ប្រាក់សោធននិវត្តន៍ដូចជាមន្រ្តីរាជការដែរ ដើម្បីជួយសម្រួលជីវភាពនាថ្ងៃខាងមុខ» ។
រីឯកម្មការិនី ព្រំ ស្រីមុំ ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានយកចិត្តទុកដាក់ ចំពោះកម្មកររោងចក្រសហគ្រាស និងបានចុះមកពិនិត្យស្ថានភាពជាក់ស្ដែង នៃដំណើរការផលិតកម្មផលិតផល គ្រប់ប្រភេទនៅទូទាំងប្រទេស ។
អ្នកស្រីបាននិយាយថា ៖ «ខ្ញុំសូមអរគុណ ដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែរ ដែលតែងតែយកចិត្តទុកដាក់ ដល់កម្មករនយោជិតដូចពួកខ្ញុំ។ នៅពេលដែលថ្នាក់ដឹកនាំក្រសួង ចុះមកផ្ទាល់បែបនេះ គឺពួកខ្ញុំមានការស្នើសុំដំណោះស្រាយបានទាន់ពេលវេលា»។
គួរគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងភ្លាមកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានដាក់កម្មវិធីចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតតាមរោងចក្រជាបន្តបន្ទាប់១០លើកនេះ បន្តពីសម្តេចតេជោ ក្នុងនោះសម្តេចធិបតី បានជួបសំណេះសំណាល ជាមួយកម្មករនិយោជិត សរុបប្រមាណជាង ១៧ម៉ឺននាក់ មកពីរោងចក្រសហគ្រាស សរុបប្រមាណ១៨៩ នៅទូទាំងប្រទេស។ ជាបន្តបន្ទាប់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំនៅ តែបន្តការអនុវត្តមាគ៌ា នៃការយកចិត្តទុកដាក់ លើបងប្អូនកម្មករ បន្ថែមទៀត ដោយបានអញ្ជើញសួរសុខទុក្ខកម្មករ និយោជិតនៅតាមរោងចក្រ ដើម្បីពិនិត្យមើលលក្ខខណ្ឌការងារ និងស្ថានភាព នៃការធ្វើការដោយពិតប្រាកដ ។
ជាក់ស្តែងតាំងពីបានឡើងជារដ្ឋមន្ត្រី នៃក្រសួងការងារភ្លាម លោក ហេង សួរ បានចុះហូបបាយ និងពិនិត្យលក្ខខណ្ឌការងារ នៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ការចុះពិនិត្យ នៅតាមតំបន់ផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឬស្សីកែវ ដែលជាទីតាំងកម្មករស្នាក់នៅ ច្រើនក្នុងរាជធានីភ្នំពេញ ។ ហើយសកម្មភាពនៅតែបន្តដូចជាភ្លៀង រលឹមបន្តរហូតដល់បច្ចុប្បន្ន ដែលទាំងលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងនៅតែបន្តចុះជាប់ជាមួយកម្មករ និយោជិត ក្នុ្ងងការស្វែងយល់ពីសុខទុក្ខជាបន្តទៀត ។
ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសម្តែងការគាំទ្រ សកម្មភាពលោករដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ ដែលបានចុះជួប និងពិសារអាហារជាមួយកម្មករ-កម្មការិនីបន្តបន្ទាប់ក្នុងរយៈពេល១ឆ្នាំនេះ ។
លោកថ្លែងថា ៖ «ក្នុងនាមខ្ញុំជាតំណាងកម្មករ ខ្ញុំគាំទ្រសកម្មភាព ចុះជួបជាមួយកម្មករផ្ទាល់ គឺដើម្បីអាចដឹងច្បាស់ពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាការបង្ក ឱ្យមានភាពស្និទស្នាល រវាងមន្រ្តីរាជរដ្ឋាភិបាល និង កម្មករនិយោជិតដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីនិយោជក ក៏មានឱកាសលើកជា បញ្ហាប្រឈមជាមួយ នឹងមន្រ្តីក្រសួងការងារដែរ» ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) បានមានប្រសាសន៍ថា សកម្មភាពរបស់លោករដ្ឋមន្ត្រីថ្មី នៅពេលនេះ គួរតែអនុវត្តបន្តបន្ទាប់ថែមទៀត ដើម្បីបង្ហាញភាពកក់ក្តៅ និង ការយចិត្តទុកដាក់ ជួយដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនី និងការរំលោភបំពាន ការងារផ្សេងៗទៀតនៅតាមមូលដ្ឋានរោងចក្រសហគ្រាស ។
លោកបញ្ជាក់ថា ៖ «នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តីចុះទៅ គឺគាត់អាចដឹងថា កម្មកររស់នៅដូចម្ដេច មានទឹកស្អាតប្រើប្រាស់ឬអត់ មានអគ្គីសនីប្រើដែរទេ ហើយម្ចាស់ផ្ទះជួលតម្លើងតម្លៃឈ្នួល ថែមទៀតដែរទេ។ ដូច្នេះសកម្មភាពនេះ គឺជារឿងល្អ» ៕