ភ្នំពេញ៖ ចំថ្ងៃខួប១ឆ្នាំនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងបញ្ជាក់ថា អ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តកាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍបន្ថែមទៀត ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ ។ ឯទ្រឹស្តី ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍» ។
សម្ដេចតេជោ លើកឡើងថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មី ចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។
ជាមួយគ្នានោះសម្ដេចប្រធានព្រឹទ្ធសភា ក៏បានលើកឡើងពីចំណុចគន្លឹះ មកកត់សំគាល់ពីសកម្មភាពការងារ របស់អ្នកដឹកនាំជំនាន់ថ្មី ដែលប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវនោះគឺ៖ ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ ៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
សម្ដេចតេជោគូសបញ្ជាក់ថា «បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញ ដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូល ដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ ក្នុងរតនាគារមិនឲ្យថយចុះ»។
ទន្ទឹមគ្នានោះដែរ សម្ដេចតេជោ បានរំលឹកថា សម្ដេចបានដាក់អំរែកចុះបន្ទាប់ពីបំពេញការងារ ខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែង ជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ សម្ដេចថា កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី ។
សម្ដេចបន្ថែមថា «ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ» ៕