ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានឯកភាពគ្នាជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀត រវាងទីក្រុងទេសចរណ៍នៃប្រទេសទាំងពីរ ។
ការឯកភាពគ្នានោះធ្វើឡើង នាថ្ងៃទី២១ សីហា ក្នុងឱកាសដែលប្រមុខការទូតកម្ពុជា និងឥណ្ឌូណេស៊ី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ លើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា- ឥណ្ឌូណេស៊ី។ ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានាចាប់ តាំងពីកិច្ចប្រជុំ JCBC កម្ពុជា-ឥណ្ឌូណេស៊ី លើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និង ឯកភាពបន្តធ្វើការប្រាស្រ័យទាក់ទងប្រកបដោយផ្លែផ្កា រួមមានកិច្ចពិភាក្សារវាងកងទ័ពជើងគោក អាហារូបករណ៍ និងការបណ្តុះបណ្តាល និងសកម្មភាពការផ្លាស់ប្តូរផ្សេងទៀត ដូច ជាការចូលសំចតនាពេលថ្មីៗនេះរបស់នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូណេស៊ី KRI Bima Suci ដែលមាននាវិកចំនួន ២១២នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស ដោយត្រូវអនុវត្តយ៉ាងពេញលេញនិងមាន ប្រសិទ្ធភាពនូវលិខិតុបករណ៍ពាក់ព័ន្ធ ក្រោមក្របខណ្ឌទ្វេភាគី និងអាស៊ាន។
លើវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើងនៃ ទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ពាណិជ្ជកម្មអង្ករ។ រដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិសុខស្បៀង និងបាន អះអាងពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងការចុះហត្ថលេខាលើ MoU ស្តីពី កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី បានបញ្ជាក់ថា «ក្នុងគោលបំណងពង្រឹងការតភ្ជាប់ និងសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ភាគីទាំងពីរ បានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀត រវាងទីក្រុងទេសចរណ៍នៃប្រទេស ទាំងពីរ បញ្ចប់ការពិភាក្សា MoU ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បន្តឡើងវិញនូវកិច្ចសហ ប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តជ្ញាកណ្តាល និងបង្កើតទំនាក់ទំនង ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងកោះស៊ូម៉ាត្រាខាងលិច» ។
កិច្ចប្រជុំបានឯកភាពគ្នាក្នុងការពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងវិនិយោគឥណ្ឌូណេស៊ី។ កិច្ចប្រជុំក៏បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុន ឥណ្ឌូណេស៊ី Perum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជាម៉ាស៊ីន កិនស្រូវ និងឃ្លាំង។
កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេង ទៀត រួមមាន ថាមពល, បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT), សុខាភិបាល, ការ គ្រប់គ្រងអាងទន្លេ, ,បរិវត្តកម្មឌីជីថល, និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕