ព័ត៌មានជាតិ

ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ សីហា

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ ថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា ដោយឡែកសម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។

ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានអំពាវនាវដល់បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រួសរាន់អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ៕

To Top