ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ១២ខែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូនប្រជាពលរដ្ឋ ទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ។
នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្នុងរយៈពេល ១២ខែមកនេះ ទោះបីស្ថិតនៅក្នុងដំណាក់កាល ដែលសភាពការណ៍អន្ដរជាតិ មានការវិវត្តន៍ក្នុងភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន កម្ពុជានៅតែកំពុងបន្ដដំណើរ ក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ» ។
ពាក់ព័ន្ធស្ថានភាពនយោបាយ និងសន្ដិសុខសង្គម សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្ដរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ការងារការទូត ទំនាក់ទំនងអន្ដរជាតិ ទន្ទឹមនឹងការបន្ដការពង្រឹង ពង្រីក ទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសមួយចំនួន។ ចំពោះស្ថានភាពសេដ្ឋកិច្ច សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥% នៅឆ្នាំ២០២៣ នឹងត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤៕