ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យបន្ថែមម៉ោងទស្សនាប្រាសាទ ដើម្បីភ្ញៀវបានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមម៉ោងទស្សនាប្រាសាទ ដើម្បីឱ្យភ្ញៀវចូលទស្សនា បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រឹកព្រលឹម។

នាឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែប្រែនីតិវិធីទិញសំបុត្រចូលទស្សនាតំបន់អង្គរ ឱ្យមានភាពសាមញ្ញ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ដើម្បីប្រកាសជូនដល់បងប្អូន មគ្គុទេសក៍ទេសចរណ៍ទាំងអស់បានជ្រាបថា ដើម្បីជួយដល់បងប្អូន និងសម្រួលដល់បងប្អូនក្នុងការប្រកបរបរការងារ ខ្ញុំ បានសម្រេចពន្យា ឬបន្ថែមសុពលភាព អាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ ២ឆ្នាំ ទៅ ៣ឆ្នាំ តែម្ដង។ លើសពីនេះទៀត ខ្ញុំ ក៏បានណែនាំ ឱ្យក្រសួងវប្បធម៌ ពិនិត្យលទ្ធភាព បន្ថែមម៉ោងទស្សនា ទៅលើប្រាសាទមួយចំនួនថែមទៀត ដើម្បីអាចឱ្យភ្ញៀវទេសចរ មើលថ្ងៃលិច ថ្ងៃរះ ស្ដាប់សំឡេងសត្វយំ ពីព្រលឹម ដូចជា ប្រាសាទអង្គរវត្ត ជាដើម» ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ដើម្បីឱ្យភ្ញៀវបានចូលទស្សនា បានមើលថ្ងៃលិច បានស្ដាប់សំឡេងសត្វយំ ពីព្រលឹម ប្រាសាទអង្គរវត្ត បានកែម៉ោងបើកទ្វារពីម៉ោង ៥ព្រឹកនិងបិទទ្វារនៅម៉ោង ៦ល្ងាច ចំណែកប្រាសាទប្រែរូប ប្រាសាទភ្នំបាក់ខែង ប្រាសាទភ្នំក្រោមបានកែម៉ោងបើកទ្វារពីម៉ោង ៦ព្រឹក និងបិទទ្វារនៅម៉ោង ៧យប់ ឯប្រាសាទផ្សេងទៀតចាប់ផ្ដើមបើកនៅម៉ោង ៦ព្រឹក ហើយបិទនៅម៉ោង ៦កន្លះល្ងាច៕

To Top