ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឱ្យពលរដ្ឋបរិច្ចាគថវិកា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនជាពិសេសផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ។ ទីមួយ គឺកៀរគរថវិកាបន្ថែម និងទីពីរ ផ្តល់ឱកាសប្រជាពលរដ្ឋ ទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន» ។

សម្ដេចធិបតី បន្ដថា «ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមបុព្វហេតុនេះរួមគ្នានៅក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នាក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង» ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថារាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ បានយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេស វៀតណាម ឡាវ និងថៃ ដោយគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ កម្ពុជាបានកសាងផ្លូវតាមបណ្ដោយព្រំដែនជាមួយវៀតណាមបានជាង ៦៨៥គីឡូម៉ែត្រ លើផែនការសរុបជាង១០៦៩ គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ កម្ពុជាកសាងផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃបានជាង ៤៥៥គីឡូម៉ែត្រ លើផែនការ ៥០៩គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២២ កម្ពុជាបានកសាងផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសឡាវបានជាង១៧៩ គីឡូម៉ែត្រលើផែនការសរុបជាង ៣៧៧គីឡូម៉ែត្រ៕

To Top