ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរកភាព ដែលជាយន្តការថ្មីក្នុងការផ្តល់ដី ដល់ប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ នឹងអាចចាប់ផ្តើមអនុវត្ត នៅដំណាច់ឆ្នាំ២០២៤នេះ ។
ក្នុងឱកាសអញ្ជើញថ្លែងការណ៍ស្ដីពី សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ក្នុងគោលដៅបន្តដោះស្រាយ តម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដីពិតប្រាកដ ក៏ដូចជារួមចំណែកទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ នៅក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមជម្រាបជូនជនរួមជាតិ នូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយទៀត ដែលឱ្យឈ្មោះថា “កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរកភាព” សំដៅផ្តល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការការពារដីរដ្ឋ និងព្រៃឈើ” ។
សម្តេចនាយករដ្ឋមន្ត្រី អះអាងថា គោលគំនិតសង្ខេបនៃកម្មវិធីនេះ គឺជាការរៀបចំផ្តល់ដីសម្បទាន ក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ ដែលនឹងអាចជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងថែមទៀតផង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សម្តេចធិបតី យល់ឃើញថា ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចនឹងជួយដល់រាជរដ្ឋាភិបាល នៅក្នុងការការពារទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានដីរដ្ឋខុសច្បាប់ នៅជុំវិញកន្លែងដែលពួកគាត់រស់នៅផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “កិច្ចការងារនេះ គឺយើងអាចរំលត់បញ្ហាពីរក្នុងពេលតែមួយ ទី១.ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ យើងនឹងរៀបចំយន្តការដើម្បីបង្កើនប្រសិទ្ធភាព និងសន្ទុះនៅក្នុងការជួយដល់គាត់ឱ្យទាន់ពេលវេលា តាមរយៈការរៀបចំយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីគឺជាប្រធាន ហើយនិងមានយន្តការលេខាធិការដ្ឋាន ដើម្បីធ្វើកិច្ចការងារនេះដោយប្រសិទ្ធភាព ធានានូវភាពត្រឹមត្រូវនិងសុក្រឹតភាព ធ្វើយ៉ាងណាយើងធានាថា ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ គាត់នឹងទទួលបានផលពេលជាមួយគ្នា គឺយើងប្រើប្រាស់នូវការចូលរួម របស់ប្រជាពលរដ្ឋទាំងនេះ ដើម្បីចូលរួមនៅក្នុងការការពារនៅក្នុងតំបន់ ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលគាត់តាំងទីលំនៅ នៅទីនោះ ហើយការដៅចំណុច នៃការរៀបចំ នូវកម្មវិធីនេះ ក៏បានគិតគូរទៅដល់តំបន់ទិសឦសានរបស់យើង និងតំបន់មួយចំនួនទៀត ដែលមានការចាំបាច់ នៅក្នុងការការពារ ធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ ប្រទេសរបស់យើង” ។
ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា “ទាក់ទងនឹងការរៀបចំការងារនេះ យើងនឹងចាប់ផ្តើមរៀបចំគោលការណ៍អនុវត្ត សង្ឃឹមថាអាចអនុវត្តបាននៅក្នុងដំណាច់ឆ្នាំ២០២៤នេះ”៕