ភ្នំពេញ៖កម្មការិនីជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម ២ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារក្រោយពេលសម្រាលកូនទៀតផង។
អ្នកស្រី ឆម សុភា អាយុ ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុង លើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រី មិនបាច់ចំណាយលុយជាងពាន់ដុល្លារ ដែលបានត្រៀមទុកសម្រាប់ការសម្រាលកូន នោះឡើយ។ អ្នកស្រីថ្លែងថា៖ «ការសម្រាលកូនរបស់ខ្ញុំបើសិនជាអត់មាន ប.ស.ស. អស់ប្រហែលជាជាង ១ពាន់ តែដល់ពេលយើងមាន បសសគឺយើងអាចចំណេញបានជាង ១ពាន់ ហ្នឹងមកវិញ ដោយសារយើងមាន ប.ស.ស. គឺរដ្ឋាភិបាលគាត់ជួយក្នុងការចំណាយផ្សេងៗ តាំងពីយើងពិនិត្យផ្ទៃពោះ រហូតដល់យើងសម្រាល យកកូនទៅចាក់វ៉ាក់សាំងផ្សេងៗ និងក្រោយពេលសម្រាល» ។

កម្មការិនីមកពីខេត្តពោធិ៍សាត់រូបនេះបានប្រាប់ថា មិនត្រឹមតែមិនបាច់ចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត សម្រាប់ការសម្រាលកូន ១នាក់ ខណៈមុនពេលសម្រាលកូន អ្នកស្រីក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ ទៀតផង។

អ្នកស្រីថា បើគ្មាន ប.ស.ស.ទេ អ្នកស្រីត្រូវចំណាយលើការសម្រាលកូនរហូតដល់ជាង ១ពាន់ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ប.ស.ស. បានជួយឱ្យអ្នកស្រីមិនអស់ប្រាក់ ហើយថែមទាំងសល់ប្រាក់នោះវិញ។

អ្នកស្រីប្រាប់ថា៖ «ការវះកាត់ ការចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះអីគឺរាជរដ្ឋាភិបាល គាត់ជួយចេញ។ និយាយពីការជាក់ស្តែងបើយើងអត់មាន ប.ស.ស. យើងត្រូវការចំណាយច្រើន បើការចំណាយប្រហែលជាជាង ១ពាន់ ដោយសារការសម្រាលបើសិនជាដូចប្អូនសម្រាលដោយការវះកាត់ គឺអស់ថ្លៃមុខកាំបិតផង អស់ថ្លៃបន្ទប់ ទៅពេទ្យផង អនាម័យផង ការហូបចុកចឹងគឺចំណាយអស់ច្រើន» ។

ស្ត្រីសម្បុរស្រអែមមានកូន ២នាក់ រស់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនិយាយថា មិនត្រឹមតែអត្ថប្រយោជន៍ក្នុងការសម្រាលកូននោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបណ្តាញទឹក ភ្លើង នៅតាមបន្ទប់ជួល ក៏ជាការជួយសម្រាលបន្ទុកចំណាយឱ្យអ្នកស្រីអាចសន្សំលុយបានខ្លះបន្ថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងជាបន្តបន្ទាប់ពី ១ឆ្នាំ ទៅ ១ឆ្នាំ។
អ្នកស្រីនិយាយថា៖ «ធូរច្រើនបងដោយសាររដ្ឋគាត់ជួយចឹងធូរព្រោះអី បើយើងគិតទៅពីដើមឡើយ យើងអត់ប្រើភ្លើងរដ្ឋអ៊ីចឹង គឺចំណាយអស់ច្រើន ដូចថា គុណនឹង២អ៊ីចឹងណា» ។
ប្តីរបស់កម្មការិនី ឆម សុភា លោក ណឹម ប៊ី អាយុជាង ៥០ឆ្នាំ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។
លោកថា៖ «បានធូរស្រាលច្រើន ហើយបានគ្រាន់ព្រោះអីបានខាងបសសជួយគាត់ជួយឧបត្ថម្ភចឹងទៅ ជីវភាពយើងក៏អត់ខ្វះខាតដែរ ចឹងវាអាចថាធូរមួយកម្រិតធំ។ អត់មាន ប.ស.ស. ជួយ ពិបាកទាំងអស់ យើងប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង និងថវិកាផ្ទាល់ខ្លួន ចឹងស្អីក៏ត្រូវការចំណាយ ហើយយើងត្រូវការបញ្ចេញនូវលុយផ្ទាល់ខ្លួនឯងទាំងអស់ ចឹងខ្វះខាតច្រើនមែនទែន» ។
សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។ ក្នុងនោះ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។
ដំណាក់កាលទី២ នៅពេលសម្រាល នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល សម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលបន្ថែមទៀត។ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំនឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន ៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន ៧លើក។ លើសពីនេះស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ ៣០ភាគរយ ទទួលបានពីម្ចាស់រោងចក្រ និង ៧០ភាគរយ បានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗ ជាច្រើនទៀត។
គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព មាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោល នយោបាយ ជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕
