ព័ត៌មានជាតិ

ពលរដ្ឋដែលចង់ទៅធ្វើការនៅប្រទេសសិង្ហបុរីដោយស្របច្បាប់ ត្រូវគោរពនីតិវិធីចំនួន ៦ ចំណុចរបស់ក្រសួងការងារ

ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ដើម្បីទៅធ្វើការងារនៅប្រទេសសិង្ហបុរីដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ បេក្ខជនត្រូវអនុវត្តតាមនីតិវិធីចំនួន៦ ចំណុចរបស់ក្រសួងការងារដែលបានដាក់ចេញ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថានីតិវិធីទាំង៦ មានដូចជា៖ ទី១.សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ បេក្ខជនត្រូវមានអាយុចាប់ពី ២៣ឆ្នាំ ដល់ ៥០ឆ្នាំ, ភេទស្រី, ត្រូវមានកម្រិតវប្បធម៌ទូទៅចាប់ពីថ្នាក់ទី៨ ឡើងទៅ, ប្រវត្តិរូបសង្ខេប, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត (ផ្ទៃស)។ ទី២. ការសម្ភាស និងចុះកិច្ចសន្យា បេក្ខជនត្រូវធ្វើការសម្ភាសជាមួយនិយោជកសិង្ហបុរី, ត្រូវចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣. មុនពេលចេញដំណើរ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស, ត្រូវចុះបញ្ជិកាកិច្ចសន្យាសេវាការងារឱ្យធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជក, ត្រូវមានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC), មានលិខិតឆ្លងដែន (Passport), មានលិខិតអនុញ្ញាតជាគោលការណ៍ (In Principal Approval), បេក្ខជននឹងត្រូវទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។ ទី៤ .មុនពេលបំពេញការងារ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលស្តីពីច្បាប់ទំនៀមទម្លាប់រស់នៅ លក្ខខណ្ឌការងារ និងការស្វែងរកអន្តរាគមន៍ពេលមានបញ្ហានៅក្រសួងការងារសិង្ហបុរី, ត្រូវមានបណ្ណការងារ (work permit), ធានារ៉ាប់រង, ហើយបេក្ខជនត្រូវចូលធ្វើការស្របតាមកិច្ចសន្យាការងារ។ ទី៥. អំឡុងពេលបំពេញការងារ ពលករត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកសិង្ហបុរី ដូចបានកំណត់ក្នុងកិច្ចសន្យាការងារ។ ៦. ការធ្វើមាតុភូមិនិវត្តន៍ បេក្ខជនត្រូវទូទាត់អត្ថប្រយោជន៍ផ្សេងៗ (បើមាន), ទីភ្នាក់ងារសិង្ហបុរី ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលពលករវិលត្រឡប់មកប្រទេសកម្ពុជាវិញ, ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវរាយការណ៍អំពីការវិលត្រលប់របស់ពលករ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនីតិវិធីទាំង ៦នេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286។

គួរបញ្ជាក់ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ បងប្អូនពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។ ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសចំនួនជាង ១,៣៦លាននាក់ (ស្រីមានចំនួនជាង ៥៥ ០០០០នាក់) ក្នុងនោះ ប្រទេសសិង្ហបុរីមានចំនួនជាង ៤០០នាក់៕

To Top