ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅព្រលប់ថ្ងៃនេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លា ឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ។


ក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានណែនាំអោយប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និង ប្រឡាយអូអាកុជ ស្ថិតនៅខណ្ឌសែនសុខ ជាដើម។


ក្រោយទទួលបានការណែនាំ លោក ងី មានហេង បានបញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ សីហា ដោយគ្រោងនឹងបញ្ចប់នៅទូទាំង ១០៥សង្កាត់ នាថ្ងៃទី២៦ ឬ ថ្ងៃទី២៧ ខែសីហា ខាងមុខនេះ។ មកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់ នៅខណ្ឌចំនួន ៨ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន៦ខណ្ឌទៀត ឱ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក៕




