ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និង កងកម្លាំងទាំងអស់ មិនត្រូវមើលស្រាល ចំពោះសភាពការណ៍ ក្នុងសង្គមជាពិសេសការព្យាយាម បង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់ ។
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្ម របស់ក្រុមប្រឆាំង កាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗ ចំពោះការលើកឡើង ពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជា ត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាម លោកឧបនាយករដ្ឋមន្ត្រី ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននិងកំពុងកើតឡើង នៅប្រទេសបង់ក្លាដេស នោះទេ ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់ កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្ត រាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណ ដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការ ការពារសន្តិសុខ បានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ ដល់ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង៕