ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានណែនាំប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ទៅតាមពាក្យចចាមអារាម តែងតែលេចលឺកន្លងមក ជុំវិញការដោះស្រាយផលប៉ះពាល់ លើគម្រោងព្រែកជីកហ្វូណនតេជោ។
នាឱកាសចុះពិនិត្យតម្រាយផ្លូវទឹក “ព្រែកជីកហ្វូណនតេជោ” ដែលមានស្រាប់ ពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្ដាល ដល់ក្រុងដូនកែវ ខេត្តតាកែវ ឆ្លងកាត់ ព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបូរី ស្ទឹងអូរកែវ ប្រឡាយ១៥ និងពិនិត្យទីតាំងគ្រោងសាងសង់សន្ទះទ្វារទឹក១ ក្នុងចំណោម៣ ត្រង់ចំណុចទំនប់អូរតុំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ តាមរយៈបណ្ដាញសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងតម្រាយផ្លូវទឹកនេះ ដោយហេតុថា «ការសាងសង់គម្រោងនេះស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «មុននឹងឈានទៅដល់ការដោះស្រាយផលប៉ះពាល់សមស្របមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងគិតគូរសិក្សាយ៉ាងលម្អិតច្បាស់លាស់ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របមួយជូនបងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងសូមកុំមានការព្រួយបារម្ភទៅតាមពាក្យចចាមអារាម ដែលតែងតែលេចលឺកន្លងមក» ។
ក្នុងបេសកកម្មនាឱកាសនេះ គណៈប្រតិភូទាំងអស់បានធ្វើដំណើរតាមតម្រាយផ្លូវទឹកដែលមានស្រាប់ពី ចំណុចព្រែកតាហ៊ីង ក្នុងភូមិសាស្ត្រនៃស្រុកកោះធំ ខេត្តកណ្ដាល រហូតទៅដល់គោលដៅដែលបានកំណត់ទុកគឺក្រុងដូនកែវ ទីរួមខេត្តតាកែវ ដោយបានឆ្លងកាត់ ព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបូរី ស្ទឹងអូរកែវ ព្រំប្រទល់កម្ពុជា-វៀតណាម និងប្រឡាយ១៥។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យទំនប់អូរតុំ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលជាទីតាំងគ្រោងនឹងសាងសង់សន្ទះទ្វារទឹកនាវាចរណ៍១ ក្នុងចំណោមសន្ទះទ្វារទឹកទាំង៣ របស់គម្រោងផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្រ្តដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ជាការពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់ ចំណែក ៣៨គីឡូម៉ែត្រ ជាការតម្រង់ផ្លូវទឹកដែលមានភាពបត់បែនច្រើន និងមានត្រឹមតែ ៧គីឡូម៉ែត្រចុងក្រោយប៉ុណ្ណោះដែលតម្រូវឱ្យមានការជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ៕