ព័ត៌មានជាតិ

សម្ដេចតេជោ នឹងចាំមើល អ្នកចោទកម្ពុជា កាត់៤ខេត្តទៅឱ្យវៀតណាម តើពួកគេចូលមូលនិធិ កសាងហេដ្ឋា រចនាសម្ព័ន្ធ តាមព្រំដែនឬទេ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងរង់ចាំមើល អ្នកចោទប្រកាន់ថាកម្ពុជាកាត់ ៤ខេត្ត ទៅឲ្យវៀតណាម តើពួកគេចូលមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនឬទេ? ដោយសម្ដេចចាត់ទុកថា នេះមិនមែនជាការដេញទាន់ជាន់កែងនោះទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ សីហា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនដែល នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

សម្ដេចតេជោ គូសបញ្ជាក់ថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គី ការពារជាតិពិតប្រាកដ ពីសំណាក់គ្រប់មជ្ឈដ្ឋាន នៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់ ៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អ សម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល ។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាល នឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ»។

សម្ដេចតេជោ បន្ដថា ការរំពឹងទុកប្រជាជន ដែលគ្មានដី និងទទួលបានដី សម្រាប់បង្កបង្កើនផលដែល មានហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល ។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹង តាមរយៈប្រជាជន ដែលនៅតាមព្រំដែន ដែលជាព្រំដែន រស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធ ដើម្បីការពារទៅទៀត។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «សូមជនរួមជាតិចូលរួមទោះតិចក្តី ច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់ បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top