«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្ដួចផ្ដើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមន្ត្រីរាជការ និងមហាជនទូទៅកំពុងចូលរួមជាបន្តបន្ទាប់។ ហើយគណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិនេះផងដែរ។
ជុំវិញការបង្កើតមូលនិធិនេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមដោយស្ម័គ្រព្រះទ័យស្ម័គ្រចិត្តចំពោះ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយចាត់ទុកជាការចូលរួមប្រយោជន៍ជាតិមួយ។ គណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិទឹកប្រាក់ចំនួន ១៥២លានរៀល បានពីទឹកព្រះទ័យរបស់គណៈសង្ឃព្រះពុទ្ធសាសនាសម្រាប់ចូលរួមបរិច្ចាគដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នោះ។
ស្រដៀងគ្នានេះ នាថ្ងៃទី២៧ សីហា សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត ព្រះចៅអធិកាវត្តឧណ្ណាលោម មានថេរដីកាខ្លីថា «ការចូលរួមរបស់គណៈសង្ឃ ដោយសារតែគណៈសង្ឃចូលរួមគ្រប់ផ្នែកទាំងអស់នៃសង្គមក្នុងនោះក៏មានការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងដែរ»។
ជាការពិតណាស់ ចំនួនទឹកប្រាក់របស់គណៈសង្ឃនេះក្រោមការចូលរួមពីមន្ត្រីសង្ឃចំនួន១២អង្គ ៖ ១. សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃ នាយកស្តីទី ចំនួន២០លានរៀល ។ ២. សម្តេចព្រះវនរ័ត កិត្តិបណ្ឌិតណយ ច្រឹក សម្តេចព្រះសង្ឃនាយក រងទី២ ចំនួន២០លានរៀល ។ ៣. សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិតមួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ចំនួន២០លានរៀល ៤.សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិតដួង ផង់ ចំនួន២០លានរៀល ។ ៥. សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិតឃឹម សន ចំនួន១០លានរៀល ។
៦. សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ១០លានរៀល ។ ៧.សម្តេចព្រះឧត្តមចរិយា បណ្ឌិតឈឹង ប៊ុនឈា ចំនួន១០លានរៀល ។ ៨. សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សាវឿន ចំនួន១០លានរៀល ។ ៩. សម្តេចព្រះឧត្តមមុនី ជា សំអាង ចំនួន២០លានរៀល ។ ១០. សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ចំនួន១០លានរៀល ។ ១១. សម្តេចព្រះមហាអរិយវង្ស បណ្ឌិតយ៉ន សេង យៀត ៥លានរៀល មិង១២. សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ៥លានរៀល ។
នាពេលកន្លងទៅថ្មីៗនេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារនិងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីនិងជំរុញការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
អត្ថបទដោយ៖ លោកចន្ទ្រ អក្ខរា