ព័ត៌មានជាតិ

ប្រជាជនកម្ពុជារាប់ពាន់នាក់ រងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព និងគាំពារផ្លូវចិត្ត

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម។

ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «តាមរយៈការខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម» ។

ក្នុងសុន្ទរកថាបើក លោក លី ធុជ លើកឡើងថា ការជួបជុំគ្នាដ៏មានសារៈសំខាន់នេះ គឺជារំលឹកអំពីសកម្មភាពសមូហភាព និងឆន្ទៈរួបរួមគ្នាដើម្បីការងារមនុស្សជាតិ និងជម្នះរាល់ផលលំបាកបន្សល់ទុកនាសម័យសង្រ្គាម និងជម្លោះផ្សេងៗ ដែលសន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។

លោក បន្ដថា កាលពី ២៥ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិសញ្ញាកើតចេញពីភាពជាដៃគូពិសេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។ ចាប់តាំងពីពេលនោះមក អនុសញ្ញាបានបោះជំហានយ៉ាងសំខាន់ ជាពិសេសក្នុងការរួមបញ្ចូលជំនួយជនរងគ្រោះទៅក្នុងគោលនយោបាយជាតិដ៏ទូលំទូលាយទាក់ទងនឹងសុខភាព ការអប់រំ និងការងារ។

ក្នុងឱកាសនោះ លោក លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីផែនការសកម្មភាពសៀមរាប-អង្គរថ្មី និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យ និងក្តីមេត្តា ដើម្បីស្វែងរកព្រំដែនថ្មី វិធីសាស្រ្តថ្មី ការសហការថ្មី និងការប្តេជ្ញាចិត្តថ្មី ដើម្បីធានាថាគ្មានជនរងគ្រោះណាមួយ ត្រូវបានទុកចោលនោះទេ ហើយការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរថ្មីត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទទួលជោគជ័យ និងមានប្រសិទ្ធភាព៕

To Top