ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ តាងនាមកម្ពុជាជា ប្រធានអនុសញ្ញាអូតាវ៉ា២០២៤ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី ប្រចាំប្រទេសស្លូវេនី ដើម្បីលើកទឹកចិត្ត ឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលហ្សកហ្ស៊ី បានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម(CCM) រួចហើយ។

ក្នុងជំនួបនោះ លោក លី ធុជ បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន និងបានលើកឡើង ពីអត្ថប្រយោជន៍ នៃការចូលរួមជាមួយអនុសញ្ញាអូតាវ៉ា ព្រមទាំងបានថ្លែងអំណរគុណ ចំពោះគាំទ្ររបស់ហ្សកហ្ស៊ី មកលើអនុសញ្ញានេះរយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតជាប់លាប់ក្នុងការគាំទ្រ ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ីពិចារណាការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានអញ្ជើញគណៈប្រតិភូប្រទេសហ្សកហ្ស៊ី ឱ្យចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

ជាងនេះទៅទៀត ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យហ្សកហ្ស៊ីបន្តចូលរួមក្នុងសកម្មភាពសំខាន់ៗមួយចំនួនមុនពេលចូលជារដ្ឋភាគី រួមមាន: ការចូលរួមសកម្មភាពមីន មនុស្សធម៌ បន្តគាំទ្រអនុសញ្ញាតាមរយៈការបោះឆ្នោត ការចូលរួមក្នុងព្រឹត្តិការណ៍សន្និបាត និងការចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញលើកទី៥ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។
ជាការឆ្លើយតប លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី បានកោតសរសើរចំពោះភាពដឹកនាំជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។

ចំពោះករណីស្នើសុំឱ្យប្រទេសហ្សកហ្ស៊ី ចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី បានទទួលស្គាល់ និងពាំនាំសំណើនេះ ទៅកាន់រដ្ឋាភិបាល នៃប្រទេសហ្សកហ្ស៊ី ដើម្បីពិនិត្យ និងពិចារណា ។ ឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹម សម្រាប់ការឆ្លើយតប ជាវិជ្ជមានពីរដ្ឋាភិបាល ហ្សកហ្ស៊ី ចំពោះសមាជិកភាព នៃអនុសញ្ញាអូតាវ៉ា និងបានស្នើឱ្យមានការទំនាក់ទំនងផ្លូវការ និងការអញ្ជើញផ្លូវការ មកកាន់រដ្ឋមន្ត្រីក្រសួង ការបរទេសរបស់ខ្លួន និងរដ្ឋាភិបាលហ្សកហ្ស៊ី ៕
