ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៣៩១ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ សីហា នេះ ឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ប្រភព ដដែលបន្ដថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។
សូមបញ្ជាក់ថា ជារួមក្នុងរយៈពេល ១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១% ធៀប នឹងរយៈពេលដូចគ្នា ១ឆ្នាំ ចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើង យ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕