ព័ត៌មានជាតិ

សម្តេចធិបតី ចេញអនុក្រឹត្យបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

តាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ច ដូចតទៅ៖ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា អន្តរជាតិ ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុង និងជុំវិញអាកាសយានដ្ឋាន, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារ និងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិនិងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេសនិងមកបំពេញបេសកកម្មនៅកម្ពុជា។សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់, ចូលរួមផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ, រៀបចំកម្មវិធី និងផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលើការងារគ្រប់គ្រងប្រតិ និងការអភិវឌ្ឍអាកាសយានដ្ឋាន, ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល, ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ, អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម៕

To Top