កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុក កណ្ដាលស្ទឹង អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក មានតួនាទីសំខាន់ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាព នយោបាយ ដែលស្របទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក អភិបាលខេត្ត បន្តថា បញ្ហាគ្រឿងញៀននៅតែបន្តកើតមានឡើងនៅក្នុងមូលដ្ឋាន ដូច្នេះគណៈបញ្ជាការឯកភាពស្រុក ត្រូវយកចិត្តទុកដាក់ និងមានវិធានការ បង្ក្រាប ទប់ស្កាត់ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ ដោយត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលផងដែរ។ ជាមួយគ្នានេះ មន្ត្រីរាជការ កងកម្លាំង មិនត្រូវឱ្យមានពាក់ព័ន្ធជាមួយគ្រឿងញៀនឱ្យសោះ ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនអាចប្រឈមនឹងច្បាប់ ឬឈានដល់ការបណ្ដេញចេញពីក្របខ័ណ្ឌជាដើម។ បន្ថែមពីនេះ បញ្ហាល្បែងស៊ីសងត្រូវ លុបបំបាត់កុំឱ្យមាននៅក្នុងមូលដ្ឋាន ព្រោះថាបញ្ហាល្បែងស៊ីសងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក អភិបាលខេត្ត បន្ថែមថា បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ សព្វថ្ងៃនេះ បានឆក់យកជីវិតប្រជាពលរដ្ឋ នៅតាមដងផ្លូវជា រៀងរាល់ថ្ងៃ ដែលតម្រូវឱ្យយើងគ្រប់គ្នា ត្រូវតែផ្សព្វផ្សាយ អប់រំជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងវិធានការច្បាប់ និងវិធានការ រដ្ឋបាល ។ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងករណីមានគ្រោះថ្នាក់ ចរាចរណ៍ឈានដល់ ការបាត់បង់ជីវិត ហើយអ្នកបង្កគ្រោះ ថ្នាក់រត់គេចមិន ទទួលខុសត្រូវ ស្នើដល់កងកម្លាំងត្រូវធ្វើការ ស្រាវជ្រាវយកមក ផ្ដន្ទាទោស តាមច្បាប់ដោយគ្មានការលើកលែងឡើយ។ បញ្ហាក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែង ដើម្បីលុបបំបាត់បញ្ហាអនាធិបតេយ្យពីទង្វើក្មេងទំនើង ដើម្បីឱ្យសហគមន៍មានភាពសុខសាន្ត។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារទូទាំងស្រុក ដែលខិតខំបំពេញការងារទទួល បានលទ្ធផលយ៉ាងល្អ ប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានស្នើដល់ មន្រ្តីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវបំរើសេវាសាធារណៈ និងសេវារដ្ឋបាល ឱ្យបានល្អ បានឆាប់ និងមានភាពងាយស្រួល ស្របតាមគោលការ និងនីតិវិធីច្បាប់ មិនត្រូវមានឥរិយាបថឱ្យប្រជាពលរដ្ឋខ្លាចយើងទេ ត្រូវចាំថា «មន្រ្តីរាជការ គឺជាខ្ញុំ បម្រើរបស់ប្រជាជន» ដូចនេះត្រូវតែខិតខំបំរើសេវាសាធារណៈឱ្យបានល្អប្រសើរ ជាមួយឥរិយាបថទន់ភ្លន់។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាលខេត្តកណ្ដាល ក៏បានពន្យល់អំពីស្ថានភាព នយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់ បង្កចលាចលលើបញ្ហា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA)។ លោក បន្ដថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដី ដូចក្រុមទុច្ចរិតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផល របស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់ នៅតំបន់នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាព ទឹកដីពិតប្រាកដ៕


