ព័ត៌មានជាតិ

កម្ពុជា កំពុងបោះជំហាន យ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច បានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្ម កាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។

ក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី វិធានប្រតិបត្ដិ សម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាស ធាតុនៅកម្ពុជា នាថ្ងៃទី២៩ សីហា នៅស្ដីការក្រសួង លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្នុងនាមជាសមាជិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះ ទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។

លោករដ្ឋមន្រ្តី បានលើកឡើងថា «ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោម ប្រទេសតិចតួច ដែលបានបោះជំហាន យ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើ ពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោម ប្រទេសតិចតួចប៉ុណ្ណោះ ដែលបានតាក់តែង គោល នយោបាយដ៏រឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងការអនុម័តគម្រោង កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធានប្រតិបត្តិសម្រាប់មាត្រា៦ នេះ»។

លោករដ្ឋមន្រ្តី ជឿជាក់ថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយ ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋកូរ៉េ នាពេលខាងមុខ នឹងត្រួសត្រាយផ្លូវរបស់កម្ពុជា ក្នុងការកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើពាណិជ្ជកម្មកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្រោមមាត្រា៦ ដែលអាចនាំកម្ពុជា ឆ្ពោះទៅគោលដៅកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងចូលរួមក្នុងសកម្មភាព អាកាសធាតុសកល កាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារកាបូន ដោយបានបង្កើត និងអនុវត្ដគម្រោង សម្រាប់ការធ្វើពាណិជ្ជកម្មកាបូនជាអន្ដរជាតិ តាមរយៈយន្ដការនានា មានជាអាទិ៍ យន្ដការអភិវឌ្ឍន៍ស្អាត (CDM) យន្ដការឥណទានកាបូនរួម (JCM) និងកម្មវិធីរ៉េដបូក។

កញ្ញា សូមី គីម តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានលើកឡើងថា កន្លងមកក្រសួងបរិស្ថាន បានគាំទ្រនិងបានសហការរៀបចំវិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានគោលដៅ ផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្រប ខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន។

កញ្ញា តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានGGGI បានបន្ថែមថា អ្នកចូលរួមក្នុងសិក្ខាសាលា នឹងបានយល់ពីដំណើរការ ដែលបានបង្កើតឡើងនិង កំពុងអនុវត្ដ នៅក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាស ធាតុនៅកម្ពុជា និងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួមការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកដល់ការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់។

យោងតាមបច្ចុប្បន្នភាព នៃផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន កម្ពុជា បានប្ដេជ្ញាក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១,៧% ស្មើនឹង ៦៤,៦ លានតោន សមមូលកាបូនក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០។ វិស័យ នីមួយៗ រួមមាន៖ វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ វិស័យថាមពល វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណល់សំរាម ប្លាស្ទិក ដែលបានកំណត់ នូវបញ្ហាប្រឈម និង ឱកាសសម្រាប់ការកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៕

To Top