ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា។

កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន៣ ទី១-ប្រកាសសមាសភាពក្រុមការងារទាំង៣កម្រិត ដែលមានចង្អុលបង្ហាញនៅក្នុងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា គឺគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនការ អភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក, ទី២- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព និងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, និងទី៣- ពិនិត្យសេចក្តីព្រាងក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឃវិស័យយានយន្តនិងអេឡិចត្រូនិក មុននឹងដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងអនុម័ត។


នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនា និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំសាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត និងការតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ និងសេចក្តីព្រាងក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារបន្ត។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីបានប្រគល់វេទិកាជូនលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ព្រមទាំងមន្ត្រីជំនាញរបស់ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក.អ.ក. ដើម្បីធ្វើបទបង្ហាញលម្អិតស្តីពីការរៀបចំយន្តការស្ថាប័នទាំង៣កម្រិត សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា, វឌ្ឍនភាពនៃវិធានការគន្លឹះទាំង៤ នៃផែនទីបង្ហាញផ្លូវ, ការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក និងសេចក្តីព្រាងក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ។

កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុសពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ដែលគ្រោងនឹងគោរពដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងអនុម័តនាពេលឆាប់ៗខាងមុខ៕
