ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ស៊ូ វៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងជាសមាជិកសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រីករាយចូលរួមមូលនិធិគាំទ្ររាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព និងនិរន្តរភាព។








កម្មការិនី ហង្ស កថា បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។







ជាមួយគ្នានេះ កម្មការិនី ម៉ុក ស្រពៅ បានអំពាវនាវដល់កម្មករ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិនេះដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស បើស្រលាញ់ជាតិពិតប្រាកដ។ ការចូលរួមនេះមិនមានការបង្ខិតបង្ខំ ឬកំណត់យ៉ាងណានោះឡើយ វាគឺជាទឹកចិត្តរៀងៗខ្លួន ក្នុងនាមជាអ្នកស្នេហាជាតិគួរតែចូលរួម បើមិនចូលជាទឹកប្រាក់ ក៏អាចចូលរួមអបអរសាទរបាន ប្រសើជាងតាំងខ្លួនស្នេហាជាតិ ហើយបែរទៅជាធ្វើឱ្យរាំងស្ទះ ចំពោះការអភិវឌ្ឍប្រទេសជាតិខ្លួន។



គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិ ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង ១១លានដុល្លារហើយ៕
