ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញទូតអូស្ត្រាលី ឱ្យទៅមើលក្រុមហ៊ុនចម្រាញ់រ៉ែមាស របស់ខ្លួន នៅខេត្តមណ្ឌលគិរី ស្របពេលក្រុមជ្រុលនិយមវាយប្រហារតំបន់អភិវឌ្ឍន៍ត្រីកោណ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា ទៅទស្សនាក្រុមហ៊ុនចម្រាញ់រ៉ែមាស របស់ខ្លួន នៅខេត្តមណ្ឌលគិរី។

ការជំរុញនេះធ្វើឡើងស្របពេលដែល ក្រុមជ្រុលនិយមមួយក្ដាប់តូច បាននិងកំពុងបំភ្លៃព័ត៌មានថា កម្ពុជា បានកាត់ខេត្តចំនួន៤ទៅឱ្យវៀតណាម ក្នុងនោះរួមមានទាំងខេត្តមណ្ឌលគិរី ផងដែរ។

ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។

សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ស្នើអគ្គរាជទូតថ្មីខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។

សម្តេចតេជោ បានប្រាប់ទៅអគ្គរាជទូតអូស្រ្តាលី ទៅទស្សនាក្រុមហ៊ុនអូស្រ្តាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរ ជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរ ក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ ដល់ទំនាក់ទំនង នយោបាយដែលធំ និងរឹងមាំដូចគ្នា៕

To Top