ភ្នំពេញ៖ គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការធ្វើទស្សនកិច្ចនេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ក្នុងចំណង AUKUS បាននិងកំពុងបន្តប្រើវោហាសាស្រ្ត វាយប្រហារកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។
ក្នុងពេលថ្មីនេះ មេបញ្ជាការរងឆ្មាំសមុទ្រអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកម្នាក់ បានស្នើកម្ពុជាបង្ហាញតម្លាភាពលើការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ខណៈសហរដ្ឋអាមេរិកព្រួយបារម្ភថា មូលដ្ឋានទ័ពជើងទឹកនេះ អាចនឹងត្រូវផ្ដល់ឱ្យប្រទេសចិនប្រើប្រាស់ ដើម្បីបម្រើមហិច្ឆតាយោធាចិន។
ក្នុងឱកាសយកសារតាំងជូន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោក ដឺរិក យីប (Derek Yip) បានរំលឹកពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ក្នុងវិស័យអន្តោប្រវេសន៍ និងការពង្រឹងសន្តិសុខ ដោយរំលឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនានា ដោយក្នុងសប្តាហ៍ខាងមុខនេះ នឹងមានគណៈប្រតិភូកងទ័ពជើងទឹក អូស្ត្រាលី មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ៕