ភ្នំពេញ៖ នៅឆ្នាំ២០២៥ខាងមុខនេះ មន្ត្រីរាជការ កម្មករនិយោជិតមានថ្ងៃឈប់សម្រាក ២២ថ្ងៃ។ នេះបើតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។
ប្រតិទិនឈប់សម្រាកដែលចុះសហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានកំណត់ថ្ងៃឈប់សម្រាកការងារមានថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ។ ថ្ងៃទី ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ។ ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក ១ថ្ងៃ។ ថ្ងៃទី១៤,១៥,១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សម្រាក ៣ថ្ងៃ។ ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ថ្ងៃ។ ថ្ងៃទី១១ ឧសភា ពិធិបុណ្យវិសាខបូជា សម្រាក១ថ្ងៃ។ ថ្ងៃ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ។ ថ្ងៃទី១៥ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាក ១ថ្ងៃ។ ថ្ងៃ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តមមុនិមាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ សម្រាក ១ថ្ងៃ។ ថ្ងៃទី២១,២២,២៣ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌសម្រាក ៣ថ្ងៃ។ ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក ១ថ្ងៃ។ ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ថ្ងៃ។ ថ្ងៃ៤,៥,៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ។ ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជជាតិ សម្រាក ១ថ្ងៃ។ ថ្ងៃទី២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក ១ថ្ងៃ៕