ភ្នំពេញ៖ ២៩ ធ្នូ «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានស្ថិតនៅក្នុងប្រតិទិន ឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខា ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក សយ សុភាព បានចាត់ទុកការដាក់បញ្ជូលថ្ងៃ «២៩ ធ្នូ » ទៅជាថ្ងៃឈប់សម្រាកនេះ គឺជា មហាជោគជ័យរបសខ្មែរ មិនត្រឹមតែជាថ្ងៃទិវាសន្តិភាព។
ក្នុងករណីនេះ លោក សយ សុភាព បានគោរពថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចឱ្យឈប់សម្រាកមួយថ្ងៃនៅថ្ងៃ «២៩ ធ្នូ» នៅឆ្នាំក្រោយ ពោលថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៥តទៅ តាមរយៈសម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យប្រកាសកាលបរិច្ឆេទ ឈប់ប្រចាំឆ្នាំដោយបានចាត់ទុកជា «ទិវាសន្តិភាព ២៩ ធ្នូ» ។
លោក សយ សុភាព បន្ថែមថា សេចក្តីប៉ងប្រាថ្នារបស់ប្រជារាស្ត្រខ្មែរ បានជោគជ័យហើយព្រោះថ្ងៃនេះ កាលពី ២៥ឆ្នាំមុន សម្តេចតេជោបានដាក់ចេញ «ទស្សនៈនយោបាយ ឈ្នះ ឈ្នះ» នៅខែកុម្ភៈ ឆ្នាំ១៩៩៨ ហើយបានបញ្ចប់ ជាស្ថាពរនៅថ្ងៃ ២៩ ធ្នូ ១៩៩៨ក្រោយសមាហរណកម្មកម្លាំងឧទ្ទាមនៅអន្លង់វែង ខេត្តឧត្តរមានជ័យដោយ សម្តេច ពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចាប់ពីពេលនោះមកប្រទេសខ្មែរ ស្គាល់សន្តិភាពពិតប្រាកដ ដែលជារបស់ខ្មែរ ដែលសម្តេចតេជោ ជាអ្នកដាក់ចេញនូវគោលនយោបាយ ដ៏មានមហិទ្ធិឫទ្ធិនេះ។
លោក សយ សុភាព រំលេចថា អ្នកនយោបាយខ្មែរ គួរចាប់ផ្តើមគិតលើបញ្ហានេះហើយ ទស្សនៈវិជ្ជានយោបាយដ៏ខ្លាំងពូកែនេះ អាចនាំឱ្យយើងស្ថិត លើតារាវិថីដ៏ភ្លឺស្វាងនិងខ្មែរ ឈប់ចាញ់បោកបរទេស។ ជយោ ទស្សនៈវិជ្ជានយោបាយ «ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាស្ថិតស្ថេរជាអមតៈ៕