ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យវឌ្ឍនភាព គម្រោងការពារច្រាំង ទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ។

សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដី បានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ ។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់ នៅបរិវេណបង្គោលព្រំដែន លេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះ បណ្តាលឱ្យបាក់ស្រុតខ្លាំង ។ ក្នុងគោលបំណង ដើម្បីការពារបង្គោល ព្រំដែន និង ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្ដវិធានការ បន្ទាន់ដោះស្រាយ បញ្ហា ទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេ ឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្តការងារ ការពារច្រាំងទន្លេបាសាក់បរិវេណព្រំដែនលេខ២៤៥/៤(១) ប្រវែង ១២០០ ម៉ែត្រ ជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ នៅខែសីហា ឆ្នាំ២០១៩ រៀបបាវខ្សាច់ការពារផ្នែកខាងក្រោម នៃច្រាំងទន្លេ ដែលជាការការពារបណ្ដោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ និងដំណាក់កាលទី២ នៅខែមេសា ឆ្នាំ២០២៣ ធ្វើការសាងសង់សំណង់ច្រាំង ទន្លេបាសាក់ ជាសំណង់បេតុងអាមេមានប្រវែង ១២០០ម៉ែត្រ ហើយបើគិតរហូតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃការងារសម្រេចរួចរាល់ ១០០% ។

បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ទី២)ការងារបុកស្បាន់ផាយ (Spun piles) ទី៣)ការងារបុកស៊ីផាយ (Sheet piles) ទី៤)ការងារបេតុងអាមេ និងទី៥)ការងារបំពេញដី ។

សូមបញ្ជាក់ថា ការអនុវត្តគម្រោង ការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) នេះគឺដើម្បីការពារបង្គោលព្រំដែន កុំឱ្យបាក់ចូល ក្នុងទឹកទន្លេបាសាក់ ដោយមិនបានប្ដូរទីតាំង ឬប៉ះពាល់ដល់បង្គោលព្រំដែន ដែលគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែន រួចហើយនោះទេ ។ ខ្សែព្រំដែននៅកំណាត់នេះដើរ តាមផ្លូវទឹកនៃទន្លេបាសាក់ ហើយជា លក្ខណៈបច្ចេកទេស នៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោល ព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះ នៅមាត់ច្រាំង ខាងកម្ពុជា និងបង្គោលមួយទៀត ត្រូវបោះនៅមាត់ច្រាំង ខាងវៀតណាម ៕






















