ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រាប់មន្ដ្រីចំណុះក្រសួងមហាផ្ទៃ កុំលង់ជឿតាមអន្ទាក់នយោបាយក្រុមប្រឆាំងជ្រុលនិយម

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ទាញទម្លាក់កម្ពុជាចូលក្នុងអន្លង់ នៃសង្គ្រាមស៊ីវិលជាថ្មី។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីកន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាង លោក ស សុខា និងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់លោក ឡើយ។

តាមរយៈសារលិខិតផ្ញេីជូន មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ដ្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោកគោរព និងអនុវត្តតាមអគ្គមគ្គទេសក៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស លោក គោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥត ងាករេ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្នុងន័យនេះ រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ដ្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់ នៃសង្គ្រាម ស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំ ដែលបានបញ្ជាក់ជូនខាងលើ» ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ជាពិសេសសូមរួមគ្នាគាំទ្រ និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។ មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ។

ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ដ្រី ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកម្លាំងសាមគ្គី ភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ៕

To Top