ព័ត៌មានជាតិ

សេចក្ដី​ណែនាំពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤។

តាមរយៈសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ពុទ្ធសាស និកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

ដោយឡែក បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមានផលានិសង្សខ្ពស់ទាំងទាយក ទាយិកា និងទាំងបដិគ្គាហកជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹង ទទួលបាននូវសម្ភារ ថវិកា សម្រាប់បម្រើឱ្យការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និង ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។ ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

To Top